អំពីកម្មវិធី កម្ពុជាស្អាត (Cambodia Clean Up)

បញ្ហាការទុកដាក់សំណល់នៅក្នុងព្រះរាជាណាចក្រកម្ពុជានៅមិនទាន់មានលក្ខណៈល្អប្រសើនៅឡើយ។ សំណល់ទាំងនោះត្រូវបានទុកពាសវាលពាសកាលនៅតាមតំបន់ទីប្រជុំជន ទីផ្សារ សាលារៀន សួនសារធារណៈ តំបន់រមណីយដ្ឋានទេសចរណ៍នានា បើទោះបីជាតំបន់ទាំងនោះមានដាក់បំពាក់ធុងសំរាម និងមានមធ្យោបាយដឹកជញ្ជូនយ៉ាងណាក៏ដោយ ជាហេតុធ្វើឲ្យខូចនូវសោភណភាព ប៉ះពាល់នូវសុវត្ថិភាព ភាពស្អាត និងអនាម័យនៅក្នុងសហគមន៍ និងទីប្រជុំជននៅក្នុងទីក្រុង និងរមណីយដ្ឋាននានា។ ហេតុនេះហើយ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវកម្មវិធីថ្នាក់ជាតិ កម្ពុជាស្អាត (Cambodia Clean Up) ដែលជាយន្តការជម្រុញ និងទ្រទ្រង់ទៅដល់ចលនាប្រឡងប្រណាំងទីក្រុងស្អាត ព្រមជាមួយនឹងយុទ្ធនាការ “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ”។

កម្មវិធីថ្នាក់ជាតិ កម្ពុជាស្អាត (Cambodia Clean Up) គឺជាកម្មវិធីអប់រំ និងបញ្ជ្រាបការយល់ដឹងរយៈពេលវែងមួយដែលជម្រុញលើកទឹកចិត្តឲ្យមានការចូលរួមពីស្ថាប័នរដ្ឋ ក្រុមហ៊ុន សហគ្រាសឯកជន អង្គការ សហគមន៍ គ្រឹះស្ថានអប់រំជាដើមក្នុងការធ្វើសកម្មភាពទាំងឡាយណដែលគិតគូរទៅដល់អនាម័យ ភាពស្អាត ភាពបៃតងនៅក្នុងតំបន់ ឬសហគមន៍របស់ខ្លួន។ សកម្មភាពបញ្ជ្រាបការយល់ដឹងទាំងនេះ ក៏ជាកត្តាជម្រុញឲ្យប្រជាពលរដ្ឋ ពិសេសយុវជនចេះកែប្រែឥរិយាបថរបស់ខ្លួនចំពោះបរិស្ថានដែលខ្លួនរស់នៅ និងចូលរួមធ្វើឲ្យសហគមន៍ពួកគាត់ក្លាយជាទីកន្លែងរស់នៅប្រកបដោយភាពស្អាត មានសុវត្ថិភាព និងផាសុកភាព ពិសេសចូលរួមធ្វើឲ្យប្រទេសកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ និងនិរន្តរភាពបរិស្ថាន។

ចលនាប្រឡងប្រណាំង បុគ្គលឆ្នើម អង្គភាពឆ្នើមក្នុងយុទ្ធនាការ “កម្ពុជាស្អាត” ប្រចាំឆ្នាំ

ការប្រឡងប្រណាំង បុគ្គលឆ្នើម អង្គភាពឆ្នើមក្នុងយុទ្ធនាការ “កម្ពុជាស្អាត” ប្រចាំឆ្នាំ ដែលមានឈ្មោះថា Clean City Hero ជាយន្តការទ្រទ្រង់ទៅដល់ យុទ្ធនាការ “កម្ពុជាស្អាត” (Cambodia Clean Up) ក្នុងគោលបំណងជម្រុញការចូលរួមរបស់សាធារណជនក្នុងកិច្ចការងារទីក្រុងស្អាត។ យុទ្ធនាការនេះ នឹងជំរុញការបណ្តុះនូវស្មារតីគាំពារកិច្ចការងារទីក្រុងស្អាត ជម្រុញប្រែក្លាយយុវជនកម្ពុជាឲ្យក្លាយជាសកម្មជនក្នុងកិច្ចការងារជម្រុញផ្សព្វផ្សាយចូលរួមកែប្រែឥរិយាបថសាធារណជនក្នុងកិច្ចការ ថែទាំអនាម័យ បរិស្ថានស្អាត និងសណ្តាប់ធ្នាប់នៅក្នុងសហគមន៍របស់ខ្លួន។ ម្យ៉ាងទៀត វាជាកត្តាជម្រុញមួយដែលគាំទ្រទៅដល់ ការអនុវត្តច្បាប់នានាស្តីពីការគ្រប់គ្រងបរិស្ថាននៅក្នុងប្រទេសតាមរយៈការចូលរួមរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។

នៅក្នុងការប្រឡងប្រណាំងនេះ មានការសំអាត ០៣ប្រភេទដែលត្រូវបានកំណត់ដូចខាងក្រោម៖

  1. ការសំអាតទីក្រុង (City Clean Up)៖ សំដៅដល់ការសំអាតនៅតាមសួនច្បារ/ទីធ្លាសាធារណៈ តាមដងវិថី និងទីប្រជុំជននានានៅក្នុងទីក្រុង
  2. ការសំអាតឆ្នេរ(Coastal Clean Up)៖ សំដៅដល់ការសំអាតនៅតាមឆ្នេរសមុទ្ទនៅតាមតំបន់ឆ្នេរសមុទ្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា
  3. ការសំអាតរមណីយដ្ឋាន(Tourism Site Clean Up)៖ សំដៅដល់ការសំអាតនៅតាមតំបន់រមណីយដ្ឋានទេសចរណ៍នានានៅក្នុងព្រះរាជាណាចក្រកម្ពុជា

ជ័យលាភីនៃការប្រឡងប្រណាំងនឹងទទួលបានពានរង្វាន់ Clean City Hero និងវិញ្ញាបនបត្រទទួលស្គាល់អំពីការចូលរួមក្នុងកិច្ចការងារទីក្រុងស្អាតដែលបានកំណត់ដូចខាងក្រោម៖

  1. រង្វាន់សម្រាប់ “ក្រុមសំអាតទីក្រុងឆ្នើម” Mr. Clean City- Best City Clean Up Team Award
  2. រង្វាន់សម្រាប់ “ក្រុមសំអាតឆ្នេរឆ្នើម” Mr. Clean City- Best Coastal Clean Up Team Award
  3. រង្វាន់សម្រាប់ “ក្រុមសំអាតរមណីយដ្ឋានទេសចរណ៍ឆ្នើម” Mr. Clean City- Best Tourism Site Clean Up Team Award

ដើម្បីចូលរួមក្នុងការប្រឡងប្រណាំង បុគ្គលឆ្នើមក្នុងយុទ្ធនាការ “កម្ពុជាស្អាត” ប្រចាំឆ្នាំ (Clean City Hero) អ្នកតម្រូវឲ្យ៖

  • ជំហ៊ានទី១. ចុះឈ្មោះចូលជាសមាជិក
  • ជំហ៊ានទី២. បង្កើតក្រុមសំអាត និងជ្រើសរើសទីតាំងសំអាតទៅតាមទីតាំងដែលបានកំណត់នៅក្នុងកម្មវិធីសំអាត (អ្នកតម្រូវឲ្យទាញយកឯកសារជំនួយស្មារតី និងគោលការណ៍ណែនាំស្តីពីការសំអាតដែលមាននៅក្នុងវេបសាយ)
  • ជំហ៊ានទី៣. ចុះសំអាតទៅតាមកម្មវិធីដែលបានជ្រើសរើស
  • ជំហ៊ានទី៤. អាប់ឡូតទិន្នន័យអំពីការសំអាតនីមួយៗដែលខ្លួនបានធ្វើ
  • ជំហ៊ានទី៥. ផ្សព្វផ្សាយទៅដល់សាធារណជនតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម